Monday, March 21, 2016

រដ្ឋធម្មនុញ្ញ​នៃព្រៈរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​ តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ និង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ រដ្ឋធម្មនុញ្ញនៃកម្ពុជាមាន១៦ ជំពូក និង១៥៨មាត្រា ។ដោយឡែកក្នុងជំពូកទី៣ ដែលនិយាយអំពី សិទ្ធ និងករណីកិច្ចរបស់ប្រជាជន គឺតម្រូវឲ្យមានសិទ្ធិស្មើរគ្នារវាងបុរស និងស្រ្តី កុមារ ជាពិសេសគឺរាល់ការសម្រេចផ្សេងគឺត្រូវ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯ​ទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់។
រដ្ឋធម្មនុញ្ញនៃព្រៈរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជា១៥៨មាត្រា និង​ មាន១៦ជំពូក។


 

 ជំពូកទី២  
មាត្រា​ ៧​.-   ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។
មាត្រា​ ៨​.-ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរ៍ភាព​ជាតិ។ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។
មាត្រា​ ៩​.-ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។
មាត្រា​ ១០.-​របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ។
មាត្រា​ ១១​ ថ្មី.-​ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​ នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភា បំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ ព្រះរាជានុសិទ្ធិ។ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។ តំណែង​ជា​ប្រមុខរដ្ឋ​ ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នេះ​ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​:
ក-អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា
ខ-អនុប្រធាន​ទី​ ១​ រដ្ឋសភា
គ-អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
ឃ-អនុប្រធាន​ទី​ ២​ រដ្ឋសភា
មាត្រា​ ១២​ ថ្មី.-​នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ ព្រះមហាក្សត្រ​ ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី​ ២​ និង​ ទី​ ៣​ នៃ​មាត្រា​ ១១​ ថ្មី។
មាត្រា​ ១៣​ ថ្មី.-​ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ។សមាសភាព​នៃ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​មាន​:
·         ប្រធាន​ព្រឹទ្ធសភា
·         ប្រធាន​រដ្ឋសភា
·         នាយករដ្ឋមន្ត្រី
·         សម្ដេច​ព្រះ​សង្ឃរាជ​ គណៈ​មហានិកាយ​ និង​គណៈ​ធម្មយុត្តិកនិកាយ
·         អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
·         អនុប្រធាន​ទី​ ១​ និង​អនុប្រធាន​ទី​ ២​ រដ្ឋសភា
ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់​មួយ។
មាត្រា​ ១៤.​ត្រូវ​បាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមាជិក​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាង​តិច​ ៣០​ ព្រះវស្សា​ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​ នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ ក៏​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ។មុន​ចូល​គ្រង​រាជ្យសម្បត្តិ​ ព្រះមហាក្សត្រ​ទ្រង់​ថ្លែង​សច្ចា​ប្រណិធាន​ ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៤។
មាត្រា​ ១៥.-ព្រះជាយា​នៃ​ព្រះមហាក្សត្រ​ មាន​ព្រះរាជ​ឋានៈ​ជា​ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
មាត្រា​ ១៦.ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ព្រះរាជ​សិទ្ធិ​ធ្វើ​នយោបាយ​ទទួល​តួនាទី​ជា​អ្នក​ដឹក​នាំ​រដ្ឋ​ ឬ​ជា​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​ ឬ​ទទួល​តួ​នាទី​រដ្ឋបាល​ ឬ​នយោបាយ​ឡើយ។
ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុក​ព្រះរាជ​កាយពល​បំពេញ​ព្រះរាជ​ភារៈ​បំរើ​ប្រយោជន៍​សង្គម​ មនុស្ស​ធម៌​ សាសនា​ និង​ ជួយ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​កាតព្វកិច្ច​ផ្នែក​ពិធីការ​ និង​ ការ​ទូត។
មាត្រា​ ១៧.​ប្រការ​​ដែល​ព្រះមហាក្សត្រ​ ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ហើយ​ដែល​មាន​ចែង​ក្នុង​​វាក្យខ័ណ្ឌ​ទី​ ១​ នៃ​មាត្រា​ ៧​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មិន​អាច​សុំ​កែ​ប្រែ​បាន​ជា​ដាច់ខាត។
មាត្រា​ ១៨​ ថ្មី.​ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ដោយ​ព្រះរាជសារ។ព្រះរាជសារ​នេះ​ ព្រឹទ្ធសភា​ និង​ រដ្ឋសភា​ មិន​អាច​យក​ទៅ​ជជែក​ពិភាក្សា​ឡើយ។
មាត្រា​ ១៩​ ថ្មី.ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​​នាយករដ្ឋមន្ត្រី​ និង​ ទ្រង់​តែងតាំង​គណៈរដ្ឋមន្ត្រី​ តាម​បែប​បទ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១១៩​ ថ្មី។
មាត្រា​ ២០.ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឱ្យ​នាយករដ្ឋមន្ត្រី​ និង​ គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍​ នៃ​ប្រទេស​ជាតិ។
មាត្រា​ ២១.​តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​ និង​ យោធា​ ឯក​អគ្គរាជ​ទូត​ និង​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព។តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ ដក​ចៅក្រម​ផ្នែក​យុត្តាធិការ។
មាត្រា​ ២២​ ថ្មី.​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។
មាត្រា​ ២៣.​ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ អគ្គ​មេ​បញ្ជា​ការ​រង​​កងយោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កងយោធពលខេមរភូមិន្ទ​នេះ។
មាត្រា​ ២៤​ ថ្មី.ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ។ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​សង្គ្រាម​ ក្រោយ​ការ​អនុម័ត​របស់​រដ្ឋ​សភា និង​ព្រឹទ្ធសភា។
មាត្រា​ ២៥​.ព្រះមហាក្សត្រ​ទ្រង់​ទទួល​សារតាំង​ឯកអគ្គរដ្ឋទូត​ ឬ​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ក្រៅ​មក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។
មាត្រា​ ២៦​ ថ្មី​.ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​អន្តរជាតិ​ ហើយ​ទ្រង់​ប្រទាន​សច្ចាប័ន​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​ទាំង​នេះ​ក្រោយ​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​ និង​ ព្រឹទ្ធសភា។
មាត្រា​ ២៧​​ ថ្មី ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​ និង ​លើក​លែង​ទោស។
មាត្រា​ ២៨​ ថ្មី​.​ព្រះមហាក្សត្រ​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​ និង​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះ​រាជក្រឹត្យ​តាម​សេចក្ដី​ស្នើ​សុំ​ពី​ គណៈរដ្ឋមន្ត្រី។ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្តលេខា​នៅ​ លើ​ព្រះរាជក្រម​ ឬ​ ព្រះរាជក្រឹត្យ​ខាង​លើ​នេះ​ ទៅ​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​ សិទ្ធិ។
មាត្រា​ ២៩​ ថ្មី​.ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើត និង ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធា និង​ ស៊ីវិល​តាម​ច្បាប់​កំណត់។
មាត្រា​ ៣០ ថ្មី​.ក្នុង​រយៈពេល​​ព្រះមហាក្សត្រ​ទ្រង់​អវត្ដមាន​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី។ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះ​ មហាក្សត្រ​ ពេល​ព្រះ​អង្គ​ទ្រង់​អវត្ដមាន​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី ​២​ និង​ទី​ ៣​ នៃ​មាត្រា​ ១១ ​ថ្មី។
បានមកពីhttps://km.wikipedia.org/wiki/ នៅក្នុង google 


No comments:

Post a Comment