ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេស លើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិ សម្រប សម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុង ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរា យកមករក្សា ទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាល បរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
យោងតាមព័ត៌មាន របស់អាជ្ញាធរអប្សរា បានឲ្យ ដឹងថា
លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ
និងអន្តរជាតិសម្តែងការអបអរសាទរ និង គាំទ្រយ៉ាងខ្លាំង
ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ ជាងគេក្នុងតំបន់អង្គរ។
លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ
បានមកពីលទ្ធផលនៃការវិភាគ នៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែន
ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត
ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។
បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា
ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជា ប្រភេទទូកឃ្លោង
ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។
ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប
ហូរទៅកាន់ស្រុកពួក។ លោក សុខ សង្វារ
អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួល
បាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ
ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ
ដើម្បីធ្វើយ៉ាងណារកមធ្យោបាយ តាំងពិព័រណ៍ឱ្យសាធារណជន
ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មាន លម្អិតអំពីទូកបុរាណនេះ។
អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែង ដើម្បីតាំងបង្ហាញនៅ
សារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់
បានទស្សនាទូក បុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។
ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល
ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស
រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែង
ទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕
ខ្មែរឡូត
No comments:
Post a Comment