ទេសភាពនៅតាមដងស្ទឹងក្នុងតំបន់អារ៉ែង ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ (RFA/Den Ayuthyea)
និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន បង្ហាញទស្សនៈចង់ឲ្យរដ្ឋាភិបាលអភិរក្ស ឬអភិវឌ្ឍតំបន់នានានៅតំបន់អារ៉ែង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ជំនួសការសាងសង់ទំនប់វារីអគ្គិសនីនាថ្ងៃអនាគត។សារអំពាវនាវនេះ កើតឡើងក្រោយពេលពួកគេបានចុះទៅដល់មូលដ្ឋានឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសិក្សាស្រាវជ្រាវ និងឃ្លាំមើលតំបន់អារ៉ែង បន្ទាប់ពីរដ្ឋាភិបាលបានបណ្ដេញស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥។
បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចសិក្សាបីថ្ងៃ ដើម្បីពិនិត្យ និងឃ្លាំមើលធនធានធម្មជាតិនៅតំបន់អារ៉ែង រួមមាន ស្ទឹងឆាយអារ៉ែង ស្ទឹងឆាយតាហ៊ីង ភ្នំម្រេញកង្កែប ថ្នូរបុរាណ និងតំបន់ទឹកជ្រោះធ្លាក់ជាច្រើនកន្លែងទៀតនាខេត្តកោះកុង រួចមក ក្រុមនិស្សិត ពលរដ្ឋ មន្ត្រីរាជការ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន បង្ហាញឆន្ទៈមិនចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍតំបន់នេះជាទំនប់ វារីអគ្គិសនីទេ ប៉ុន្តែចង់ឲ្យអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិជំនួសវិញ។
ព្រះតេជព្រះគុណ រដ្ឋ សុវណ្ណ គង់នៅវត្តប្រាសាទរាជាសំរោង ខេត្តឧត្តរមានជ័យ ដែលបាននិមន្តទៅដល់ទីតាំងមួយចំនួននាតំបន់អារ៉ែង កាលពីថ្ងៃទី៧ ខែមីនា មានថេរដីកាពេញចិត្តចំពោះទេសភាពទាំងឡាយនៅតំបន់អារ៉ែង។ ព្រះអង្គមានថេរដីកាថា ធនធានធម្មជាតិមានដូចជា ទឹកជ្រោះធ្លាក់ពីលើភ្នំ ទេសភាពទឹកស្ទឹង ព្រៃព្រឹក្សា សត្វព្រៃរាប់សិបប្រភេទ និងទេសភាពមើលពីលើកំពូលភ្នំ ជាដើម គឺមានសោភ័ណភាពស្រស់ត្រកាលបំផុត។
ព្រះអង្គបានបិណ្ឌបាតទៅដល់ប្រមុខដឹកនាំ ឲ្យជួយថែរក្សា និងអភិវឌ្ឍតំបន់អារ៉ែង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍ នាថ្ងៃអនាគត ព្រោះទីតាំងតំបន់នេះមានសក្ដានុពលដល់វិស័យទេសចរណ៍ជាច្រើនកន្លែង៖ «យើង កត់សម្គាល់ឃើញថា សត្វកម្រជិតផុតពូជមានដូចជា ដំរី ក្រពើភ្នំ និងសត្វផ្សេងៗទៀត គឺជាចំណាប់អារម្មណ៍របស់អាត្មា ហើយព្រៃធម្មជាតិ និងសត្វដែលស្ទើរផុតពូជនៅលើពិភពលោកខ្លះ កំពុងរស់នៅ ឬបង្ហាញវត្តមាននៅតំបន់អារ៉ែងខេត្តកោះកុង»។
ស្រដៀងគ្នាដែរ កញ្ញា អាហួយ ជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ ដែលបានធ្វើដំណើរក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ ដើម្បីទៅទស្សនាតំបន់អារ៉ែង ចុងសប្ដាហ៍កន្លងទៅនេះ ក៏បានចាប់អារម្មណ៍ពីធនធានធម្មជាតិដ៏ស្រស់បំព្រងនៅតំបន់អារ៉ែង មានដូចជា ទឹកស្ទឹង ព្រៃភ្នំ និងសត្វព្រៃ ជាដើម។ អាហួយ បានចំណាយពេល ៣ថ្ងៃ ធ្វើដំណើរឡើងភ្នំ ឬចុះជ្រោះជាដើម ទៅកាន់ទីតាំងមួយចំនួននាតំបន់អារ៉ែង គឺមិនចង់ឲ្យផ្នែកពាក់ព័ន្ធ ឬរដ្ឋាភិបាល បំផ្លាញធនធានធម្មជាតិនៅតំបន់អារ៉ែង នោះទេ។ ផ្ទុយទៅវិញ កញ្ញាបានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់ ឬចូលរួមអភិរក្សតំបន់នេះប្រែក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍វិញនាថ្ងៃអនាគត៖ «ចង់ឲ្យ ប្រជាពលរដ្ឋទៅតាំងទីលំនៅ ឬកសាងជីវភាពនៅតំបន់អារ៉ែង ឲ្យបានច្រើន ដើម្បីឲ្យរដ្ឋាភិបាលពិចារណាអំពីការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ នោះ ហើយគ្រួសារនីមួយៗត្រូវការធម្មជាតិ ឬមិនចង់ចាកចេញពីតំបន់អារ៉ែង នាថ្ងៃអនាគត។ ទាំងនេះអាចជាសញ្ញាផែនការទប់ស្កាត់ការវិនិយោគទំនប់វារីអគ្គិសនីនៅ តំបន់អារ៉ែង របស់រដ្ឋាភិបាលនាថ្ងៃខាងមុខ»។
តំណាងសហគមន៍ជនជាតិជង នៅតំបន់អារ៉ែង លោក វ៉ែន វ៉ន បានផ្តល់សម្ភាសដល់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមីនា ថា នៅដើមខែនេះយ៉ាងហោចណាស់មានមន្ត្រីសង្គមស៊ីវិល សិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋជិត ១០០នាក់ បានទៅដល់ឃុំជំនាប់ ក្នុងតំបន់អារ៉ែង។ លោកថា វត្តមានរបស់ភ្ញៀវទេសចរទាំងនោះ គឺដើម្បីសិក្សាស្រាវជ្រាវ ឬចង់ឃើញទេសភាពនៃទឹកធ្លាក់ ទឹកស្ទឹងអារ៉ែង ព្រៃឈើ សត្វព្រៃ និងធ្វើដំណើរឡើងលើកំពូលភ្នំ ដើម្បីទស្សនាទេសភាព ជាដើម។ លោក វ៉ែន វ៉ន បញ្ជាក់ថា នៅក្រោយស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិក ត្រូវរដ្ឋាភិបាលកម្ពុជា បណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ រួចមក ឃើញមានវត្តមានភ្ញៀវទេសចរទាំងក្មេងចាស់ បានចុះទៅដល់តំបន់អារ៉ែង ជាប់មិនដាច់ ឬយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍មានមនុស្សចំនួន ៥០នាក់ បានទៅដល់តំបន់អារ៉ែង។
តំណាងសហគមន៍ជនជាតិជង រូបនេះ ចង់ឲ្យរដ្ឋាភិបាលអភិរក្សតំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ ធម្មជាតិ សម្រាប់បម្រើវិស័យទេសចរណ៍នាថ្ងៃអនាគត និងស្នើឲ្យរដ្ឋាភិបាលលះបង់គំនិតវិនិយោគតំបន់អារ៉ែង ទៅឲ្យក្រុមហ៊ុនប្រទេសចិន ដើម្បីអភិវឌ្ឍទំនប់វារីអគ្គិសនី។
ដូចគ្នានឹងការលើកឡើងនេះដែរ លោកស្រី ភិន សុភី ជនជាតិដើមជង មានលំនៅឋាននៅភូមិឫស្សី ឃុំជំនាប់ ក៏មិនចង់ឲ្យភូមិឋានធ្លាប់រស់នៅសុខសាន្តតពីដូនតា ត្រូវគេបណ្ដេញចេញដោយហេតុផលណាមួយទេនាថ្ងៃអនាគត។ ស្ត្រីរូបនេះថ្លែងថា កន្លងមកក្រុមអ្នកភូមិធ្លាប់បានធ្វើពិធីសម្បថត្រូវតែរួបរួមគ្នា ថែរក្សាព្រៃ ឬមូលដ្ឋានកុំឲ្យបាត់បង់។ ប៉ុន្តែបើមានពលរដ្ឋមូលដ្ឋានណាម្នាក់មិនស្មោះត្រង់ ឬចូលដៃចូលជើងជាមួយក្រុមផ្សេង មកបំផ្លាញមនុស្ស ឬបរិស្ថានក្នុងភូមិ សូមឲ្យបុគ្គលរូបនោះជួបទុក្ខសោក ឬវិនាស៖ «ពួក យើងបានទៅបន់ស្រន់អ្នកតា ប្រសិនបើមានអ្នកភូមិណាម្នាក់ក្បត់ មិនព្រមចូលរួមការពារតំបន់រស់នៅរបស់ខ្លួន ឬទៅចុះចូលជាមួយក្រុមហ៊ុនចិន សូមឲ្យជួបគ្រោះចង្រៃ ឬទទួលវិនាសកម្មជាដើម។ សម្បថនេះនៅពេលមានអ្នកភូមិខ្លះ បានទៅព្រមព្រៀងជាមួយក្រុមហ៊ុនក្បត់ពលរដ្ឋក្នុងមូលដ្ឋាន ក៏កើតគ្រោះទឹកក្តៅស្រោចរលាកពេញខ្លួន និងមានឈឺជំងឺផ្សេងៗជាបន្តបន្ទាប់»។
ទាក់ទិនបញ្ហានេះដែរ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីខែកុម្ភៈ បានដឹកនាំនិស្សិតជំនាញអេកូទេសចរណ៍មួយក្រុមទៅសិក្សាស្រាវជ្រាវ រយៈពេល ១០ថ្ងៃ អំពីសក្ដានុពលនៃវិស័យអេកូទេសចរណ៍នៅតំបន់អារ៉ែង ហើយលទ្ធផលនៃការសិក្សានេះ គ្រោងបង្ហាញជាសាធារណៈតាមខ្សែវីដេអូឯកសារនៅខែមីនា ឆ្នាំ២០១៥ នេះ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ឲ្យដឹងថា ក្រុមនិស្សិតជំនាញអេកូទេសចរណ៍មានសមាជិកជិត ១០នាក់ បានចុះសិក្សាស្រាវជ្រាវអំពីសក្ដានុពលទេសចរណ៍នៅតំបន់អារ៉ែង ជាបន្តបន្ទាប់ នៅក្នុងខែកុម្ភៈ និងខែមីនា ទោះបីតំបន់អារ៉ែង ជាតំបន់នៅដាច់ស្រយាលពីទីប្រជុំជន គ្មានសេវាទូរស័ព្ទ ផ្លូវពិបាកធ្វើដំណើរ ប៉ុន្តែតំបន់ព្រៃភ្នំ ឬធនធានធម្មជាតិនៅទីនោះ គឺជាឋានសួគ៌ធម្មជាតិដ៏ស្រស់ត្រកាល មានសត្វកម្ររាប់សិបប្រភេទ មានទឹកជ្រោះ ទឹកស្ទឹងមានទឹកថ្លាឆ្លុះ និងមានតំបន់ធម្មជាតិផ្តល់សក្ដានុពលទេសចរណ៍សរុបប្រមាណ ៣០កន្លែងផ្សេងទៀត៖ «យើងបានដើរស្រាវជ្រាវគ្រប់ទីកន្លែងទាំងអស់ នៅតំបន់អារ៉ែង ហើយក្នុងនោះមានទឹកធ្លាក់ស្រស់ស្អាតចំនួន ៣កន្លែងមានដូចជា ឆាយតាហ៊ីង ឆាយតាប៉ាង និងឆាយយោង ដែលមានកម្ពស់ ២០០ម៉ែត្រ ១០០ម៉ែត្រ និង ៧០ម៉ែត្រ ស្រស់ស្អាតបំផុត។ ក្នុងនោះក៏មានស្ទឹងជាច្រើនទៀត ព្រមទាំងមានទីកន្លែងកប់សពបុព្វបុរសខ្មែរ និងភ្នំម្រេញកង្កែប ជាដើម។ ហើយទីកន្លែងមានសក្ដានុពលទេសចរណ៍ទាំងនេះ យើងបានផលិតជាខ្សែវីដេអូមួយ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរបានឃើញ។ ដូច្នេះ តំបន់អារ៉ែង គឺអស្ចារ្យមែនទែន»។
ទាក់ទងដំណើរទស្សនកិច្ចជាក្រុមទៅកាន់តំបន់អារ៉ែង នេះដែរ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ក៏បានដឹកនាំមនុស្សមួយក្រុមមានគ្នាប្រមាណ ៤០នាក់ ធ្វើដំណើរទៅកាន់តំបន់អារ៉ែង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា។ លោក ព្រាប កុល មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានបំណងឲ្យអ្នកចូលរួមបានស្វែងយល់ពីសម្បត្តិ ធម្មជាតិ និងសក្ដានុពលធនធានធម្មជាតិនៅទីនោះ ព្រមទាំងចង់ដឹងពីការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមកំពុងជួបប្រទះ។ លោក ព្រាប កុល បញ្ជាក់ថា បន្ទាប់ពីវិលពីតំបន់អារ៉ែង វិញ ក្រុមលោកក៏នឹងពិនិត្យថា តើអាចធ្វើអ្វីបានខ្លះ ដើម្បីចូលរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ឬជួយថែរក្សាធនធានព្រៃឈើ សត្វព្រៃ ឬធនធានធម្មជាតិ មាននៅសេសសល់ក្នុងតំបន់អារ៉ែង ឬនៅតាមតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា នាថ្ងៃអនាគត។
ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃទៅតំបន់អារ៉ែង លោក ព្រាប កុល រកឃើញថា ប្រជាពលរដ្ឋក្នុងសហគមន៍ និងប្រជាពលរដ្ឋដែលបានចូលទៅទស្សនាតំបន់អារ៉ែង គឺមិនពេញចិត្តផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលនៅ តំបន់នោះទេ៖ «យើងឃើញមានដើមឈើគ្រប់ប្រភេទមានតូច មានមធ្យម និងដើមឈើធំៗខ្លះ គឺមានទំហំមនុស្សពី ៦ ទៅ ៧នាក់ បានឱបជុំ។ ហើយយើងគិតថា ដើមឈើនៅតំបន់អារ៉ែង គឺជាប្រភេទដើមឈើប្រណីត និងមានតម្លៃ ហើយជាសម្បត្តិព្រៃឈើដែលមាននៅក្នុងតំបន់អារ៉ែង លើខ្នងភ្នំម្រេញកង្កែប ជាដើម»។
ត្រង់ចំណុចនេះ លោក ព្រាប កុល បន្ថែមថា ក្រុមលោកក៏នឹងស្នើទៅរដ្ឋាភិបាលឲ្យសិក្សាស្រាវជ្រាវ ឬពិនិត្យផលប៉ះពាល់ប្រកបដោយតម្លាភាព ដោយមានការចូលរួមពីពលរដ្ឋក្នុងសហគមន៍ និងអង្គការសង្គមស៊ីវិលឯករាជ្យនានា មុននឹងមានការអភិវឌ្ឍតំបន់អារ៉ែង សម្រាប់វិស័យផ្សេងៗនាថ្ងៃអនាគត។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសជាសាធារណៈថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង នឹងមិនកើតមានទេនៅក្នុងអាណត្តិទី៥ នេះ។ លោកអះអាងថា គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ដ៏ចម្រូងចម្រាសនោះ ត្រូវរង់ចាំការសិក្សាបន្ថែមឲ្យបានត្រឹមត្រូវជាមុនសិន។ ជាងនេះ លោក ហ៊ុន សែន ក៏បានព្រមានប្រើសព្វាវុធទំនើប ដើម្បីកម្ទេចក្រុមអ្នកប្រឆាំងនៅតំបន់អារ៉ែង ក្នុងន័យថា មានបំណងបង្កើតតំបន់អបគមន៍នៅតំបន់នោះថែមទៀត។
ទោះជាបែបនេះក្តី ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិក នៅមុនពេលរូបលោកត្រូវសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលហាក់លម្អៀងទៅរកគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដោយសារតែក្រុមហ៊ុនដែលសិក្សាពីផលប៉ះពាល់ក្នុងតំបន់អារ៉ែង ឋិតនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនី ស៊ីណូ ហាយដ្រូ (Sino Hydro) ដែលទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងគម្រោងវារីអគ្គិសនីនេះ។
សមត្ថកិច្ចកម្ពុជា បានបញ្ជូន លោក អាឡិក ចេញពីកម្ពុជា កាលពីវេលាម៉ោងប្រមាណ ៩យប់ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ប៉ុន្តែលោកថ្លែងថា អស់ពីរូបលោកម្នាក់ទៅ ក៏នៅមាន អាឡិក ឬសកម្មជនតំបន់អារ៉ែង រាប់រយពាន់នាក់ចេញមុខការពារតំបន់អារ៉ែង ឬចុះទៅដល់តំបន់អារ៉ែង ដើម្បីរួមគ្នាការពារធនធានធម្មជាតិនៅតំបន់នោះ។ ជាងនេះ លោកក៏បានអំពាវនាវឲ្យយុវជន មន្ត្រីរាជការ គ្រូបង្រៀន បញ្ញវន្ត និងប្រជាពលរដ្ឋគ្រប់រូប ឲ្យភ្ញាក់ខ្លួនចូលរួមការពារធនធានធម្មជាតិដែលនៅសេសសល់ឲ្យបាន គង់វង្ស៖ «អ្វីដែលក្រុមយុវជន ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងមន្ត្រីសង្គមស៊ីវិល ត្រូវធ្វើការស្វែងយល់មុននឹងយើងធ្វើការងារតស៊ូមតិឲ្យមាន ប្រសិទ្ធភាពនោះ ទាល់តែយើងបំបាត់ការភ័យខ្លាចពីក្នុងខ្លួនឲ្យអស់។ យើងមិនត្រូវខ្លាចទេ ឬមួយយើងអាចខ្លាចបាន ប៉ុន្តែយើងមិនអាចបញ្ឈប់ ឬលះបង់សកម្មភាពទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា ឬនៅតំបន់អារ៉ែង ជាដើមនោះទេ។ ពួកគេមានអាវុធតែមួយគត់ទេ គឺគំរាមកំហែង»។
តំបន់អារ៉ែង ឋិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញ ភាគកណ្ដាលដែលជាព្រៃក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមានទំហំ ៤សែន ៦ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់នេះជាជម្រករស់នៅសុខសាន្តរបស់ក្រុមជនជាតិដើមភាគតិចជង ជាង ១.៣០០នាក់ ហើយពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើទៅតាម វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។ នៅទីនោះពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគេ ហើយផ្នូរទាំងនោះភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែង ថ្ម។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ទំនប់វារីអគ្គិសនីនៅអារ៉ែង អាចផលិតអគ្គិសនីបានតែជាង ៦០មេហ្គាវ៉ាត់នៅរដូវប្រាំង ហើយជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះនៅរដូវវស្សា៕
No comments:
Post a Comment